ខេត្តរតនគិរី៖នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូក្រសួងមហាផ្ទៃ អញ្ជើញសួរសុខទុក្ខ សម្តែងការគួរសម ជាមួយលោកព្រឹទ្ធាចារ្យ ប៊ូ ថង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅភូមិគ្រឹះរបស់លោកព្រឹទ្ធាចារ្យ ស្ថិតនៅក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ក្នុងឱកាសនោះសម្តេចក្រឡាហោមស ខេង បានសម្តែងនូវការនឹករលឹក ចំពោះលោកព្រឹទ្ធាចារ្យ ប៊ូ ថង ដែលជាឥស្សរជនម្នាក់ដែលមួយជីវិត លោកព្រឹទ្ធាចារ្យបាន លះបង់កម្លាំងកាយកម្លាំងចិត្ត ក្នុងបុព្វហេតុជាតិ មាតុភូមិរាប់មិនអស់។
ជាពិសេសលោកព្រឹទ្ធាចារ្យ បានបង្កើតទីក្រុងបានលុង តាំងពីគ្មានអ្វីសោះ ក្រោយថ្ងៃ៧មករា១៩៧៩ រហូតធ្វើឲ្យខេត្តភាគឥសាន្តមួយនេះ មានការរីកចម្រើនមិនចាញ់ ខេត្តនានានៅទូទាំងប្រទេសឡើយ។
សម្តេចក្រឡាហោម បានជូនពរលោកព្រឹទ្ធាចារ្យ សូមមានសុខភាពល្អ ឆាប់ជាពីជំងឺរោគារព្យាធិទាំងឡាយទាំងពួង ជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏ត្រជាក់ដល់កូនចៅ ព្រមទាំងជួបប្រទះតែសេចក្តីសុខសេចក្តី ចម្រើនតរៀងទៅ៕