ខេត្តមណ្ឌលគិរី៖នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោក សាយ ម៉េងគីម អភិបាលរងខេត្ត រួមទាំងមន្រ្តីអនុរក្សជាច្រើនរូប បានអញ្ជើញកាត់បើកហិបវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះដឹងទូទៅ សម្រាប់ឆ្នាំ២០១៨-២០១៩ នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី។
ក្នុងការចុះបើកវិញ្ញាសារប្រឡងនោះ ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី បានលើកទឹកចិត្តដល់ក្មួយៗដែលជាបេក្ខជន បេក្ខនារីទាំងអស់ ត្រូវខិតខំធ្វើឱ្យអស់លទ្ធភាព និងចូលរួមថែទាំសុខភាពឱ្យបានល្អ សម្រាកឱ្យបានគ្រប់គ្រាន់ និងជូនពរប្រឡងជាប់និទ្ទេសល្អៗទាំងអស់គ្នា។
ឯកឧត្តម បានបន្ថែមថា ការប្រឡងឆ្នាំនេះ ក៏មិនខុសប្លែកពីឆ្នាំមុនៗនោះដែរ គឺក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការរឹតបន្តឹងដល់បេក្ខជន បេក្ខនារី ដើម្បីធ្វើយ៉ាងណាឱ្យវិស័យអប់រំនៅកម្ពុជា មានគុណភាព មានន័យថា អ្នកចេះ គឺជាប់។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា ដើម្បីជាការលើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបទាំងអស់ ដែលអាចប្រឡងយកនិទ្ទេសA ក្នុងឆ្នាំនេះ លោកឧកញ៉ា អ៊ឹង ស៊ីតាតវីវៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី នឹងឧបត្ថម្ភម៉ូតូថ្មីមួយគ្រឿង ទោះបីជាជាប់ប៉ុន្មាននាក់ក៏ដោយ។
តាមការបញ្ជាក់របស់លោក ទឹម សង្វាត ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឱ្យដឹងថា ចំពោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង១៩ សីហានេះ មានបេក្ខជន បេក្ខនារីសរុបចំនួន៤០១នាក់ ស្រី២២១នាក់ ក្នុងនោះមានពីរមណ្ឌលប្រឡង មណ្ឌលថ្នាក់វិទ្យាសាស្រ្តចំនួន២បន្ទប់ សិស្សសរុបចំនួន៤៣នាក់ ស្រី២៥នាក់ និងមណ្ឌលវិទ្យាសាស្រ្តសង្គមចំនួន១៥បន្ទប់ សិស្សសរុប៣៥៨នាក់ ស្រី៩៦នាក់ និងមានគ្រូអនុរក្សចំនួន៣៨នាក់ផងដែរ៕