មហាបាតុកម្ម នៅបាងកក ទាមទារលទ្ធិប្រជាធិបតេយ្យ កំណែទម្រង់រដ្ឋធម្មនុញ្ញ ននិងស្ថាប័នព្រះមហាក្សត្រ កាន់តែមានសន្ទុះខ្លាំងឡើងៗ !!!
ប្រែសម្រួលដោយះ លោក ភៀង សុភា (ប្រភពពីReuters)
ចេញផ្សាយថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែតុលាឆ្នាំ ២០២០
ព័ត៌មានអន្តរជាតិ
Reuters:
នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ពេញមួយថ្ងៃសៅរ៍ទី ១៤ខែ តុលាឆ្នាំ២០២០នេះ ប្រជាជនថៃ ភាគច្រើនជាយុវជនជាច្រើនម៉ឺននាក់ បាននាំគ្នាដង្ហែរក្បួនបាតុកម្មដ៏ធំសម្បើម ដើម្បីទាមទារការវិលត្រលប់មកវិញ នូវលទ្ធិប្រជាធិបតេយ្យ និងការធ្វើកំណែទម្រង់ស្ថាប័នព្រះមហាក្សត្រ ។ ក្រុមបាតុករ មានគម្រោងបន្ត មហាបាតុកម្មនេះ នៅថ្ងៃបន្តទៀត បើទោះបីជាត្រូវប្រឈម នឹងការគំរាមបង្រ្កាប ពីសំណាក់អាជ្ញាធរ យ៉ាងណាក៏ដោយ ។
បាតុករអះអាងថា មានគ្នាចូលរួម ២០ ម៉ឺននាក់ យោងតាមប្រភពពីអ្នកយកព័ត៌មានបារាំង ដែលមានវត្តមាននៅទីក្រុងបាងកកផ្ទាល់ គឺក្រុមបាតុករបានចាប់ផ្តើមជួបជុំគ្នា តាំងតែពីម៉ោង ៨-៩ ព្រឹកម្លេះ បើទោះបីជាមេឃរលឹក អ្នកខ្លះកាន់ឆ័ត្រ អ្នកខ្លះបាក់អាវភ្លៀង ។ នៅតាមបណ្តាញសង្គម ក្រុមបាតុករ អះអាងថា មហាបាតុកម្មនៅថ្ងៃនេះ គឺជាបាតុកម្មដ៏ធំបង្អស់ គិតចាប់ពីឆ្នាំ ២០១៤ មក នៅពេលដែលមានរដ្ឋប្រហារយោធា ដឹកនាំដោយក្រុមរបស់លោក ប្រាយុទ្ធ ចាន់អូចា ។ នរគរបាលថៃ បានត្រៀមកំលាំងមិនតិចជាង ១ ម៉ឺននាក់ទេ ។
មានបាតុករជាច្រើនពាន់នាក់ បានចាប់ផ្តើមសំដៅ ដើរទៅសកលវិទ្យាល័យថាម៉ាសាត ។ បរិវេណ សកលវិទ្យាល័យ ត្រូវបិទចាក់សោរ តែក្រុមបាតុករ ដែលភាគច្រើនសុទ្ធតែជាយុវជន សិស្សនិស្សិត បាននាំគ្នាសម្រុក ផ្លោះរបងចូលទៅខាងក្នុងទីលាននៃសកលវិទ្យាដ៏ធំនេះ ។ ទីបំផុតម៉ោង ប្រមាណជា ១២ ថ្ងៃត្រង់ សកលវិទ្យាល័យបានសម្រេចបើកទ្វាររបង ឲ្យបាតុករចូលទៅក្នុងនោះ ។ ទីលានសកលវិទ្យាល័យថាម៉ាសាតនេះ មានន័យជានិម្មិតរូបសំខាន់ណាស់ សម្រាប់ការទាមទារលទ្ធិប្រជាធិបតេយ្យ ព្រោះថាទីនោះហើយ ដែលកាលពីថ្ងៃទី ៦ តុលា ឆ្នាំ ១៩៧៦ សមត្ថកិច្ចថៃ បានបាញ់សម្លាប់និស្សិតថៃជាច្រើននាក់ បន្ទាប់ពីពួកគេបានទាមទារលទិ្ធប្រជាធិបតេយ្យ ។
នៅម៉ោង ប្រហែលជា ៣ រសៀល ក្រុមបាតុករ បាននាំគ្នាចេញពី សកលវិទ្យាល័យថាម៉ាសាត ដើរសំដៅទៅទីលាន សាណាមលួង ដែល គឺជាទីលានវាលព្រះមេរុ នៅក្បែរព្រះបរមរាជវាំងថៃ និងតុលាការកំពូលថៃ ។ ក្រុមបាតុករ ដើរបណ្តើរ លើកដៃម្រាម ៣ បណ្តើរ ជាសញ្ញានៃចលនាទាមទាររបស់ពួកគេ ។ អ្នកខ្លះកាន់បដា សរសេរថា « ប្រាយុទ្ធ ចុះចេញទៅ » បដាខ្លះសរសេរថា « ត្រូវតែរំលំរបបផ្តាច់ការ » ឯបដាខ្លះទៀត សរសេរថា « ជ័យោលទ្ធិប្រជាធិបតេយ្យ » ។
នៅទីលានសាណាមលួង នរគរបាលថៃ បានព័ទ្ធមិនឲ្យបាតុករចូលទៅក្នុងទីលានវាលស្មៅទេ ដោយទុកឲ្យបាតុករ នៅឈរតាមគែមចិញ្ចឹមថ្នល់ ជុំវិញទីលានតែប៉ុណ្ណោះ ។ ព័ត៌មានចុងក្រោយ នៅម៉ោងប្រមាណ ៥ ល្ងាច កាលពីថ្ងៃទី១២ខែតុលាឆ្នាំ២០២០គឺមានការប្រទាញប្រទង់គ្នា រវាងបាតុករ និងសមត្ថកិច្ច ដោយទីបំផុត ក្រុមបាតុករ បានសម្រុកចូលទៅលើវាលស្មៅ នៃទីលានសាណាមលួង ដោយនគរបាលបានដកថយ តែបានដាក់រនាំងចំងាយ ១៥០ ម៉ែត្រ មិនឲ្យបាតុករចូលក្បែររបងព្រះបរមរាជវាំងទេ ។
បើតាមការប៉ាន់ស្មានរបស់សមត្ថកិច្ចថៃ បាតុករមានចំនួនប្រហែល`២ ម៉ឺននាក់ នៅទីលាននេះ ។ តែក្រុមបាតុករវិញ អះអាងថា មានគ្នាដល់ទៅ ២០ ម៉ឺននាក់ឯណោះ ។ នេះបើផ្អែកតាមចុះផ្សាយរបស់បណ្តាញព័ត៌មានបាងកកប៉ុស្តិ ។ “ប្រាយុទ្ធត្រូវចុះចេញពីតំណែង និងត្រូវធ្វើកំណែទម្រង់ស្ថាប័នព្រះមហាក្សត្រ”បាតុកម្មនេះ គឺមានកម្មវត្ថុទាមទារ ឲ្យមានការវិលត្រលប់មកវិញ នូវលទ្ធិប្រជាធិបតេយ្យ ។ ពោល គឺលទ្ធិប្រជាធិបតេយ្យ ដែលមាននៅមុនពេល រដ្ឋប្រហារយោធា ដឹកនាំដោយលោក ប្រាយុទ្ធ ចាន់អូចា ។ ក្រុមបាតុករ បានចាត់ទុកថា របបសឹកថៃបាន មកបំផ្លាញលទ្ធិប្រជាធិបតេយ្យ ហើយចុងក្រោយបង្អស់ គឺការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញថៃ នៅឆ្នាំ ២០១៧ ដែលបានបើកដៃ ផ្តល់អំណាចយ៉ាងទូលាយ ទៅឲ្យក្រុមកងទ័ពថៃ ។
អ្វីដែលជាការទាមទារជាក់ស្តែង របស់ក្រុមបាតុករ គឺទាមទារឲ្យលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង ដើម្បីរៀបចំការបោះឆ្នោតជាថ្មី ។ បាតុករទាមទារ ឲ្យរំលាយរដ្ឋសភាបច្ចុប្បន្ននេះចោល និងត្រូវរៀបចំ ធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញឡើងវិញ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ បែងចែកអំណាច ឲ្យមានតុល្យភាព ។ បាតុករ ក៏ទាមទារផងដែរ ឲ្យបិទបញ្ចប់ រាល់ការធ្វើទុកបុកម្នេញ ការគំរាមការសំឡុត ទៅលើសកម្មជននយោបាយប្រឆាំង ។
មួយទៀត អ្វីដែលជាការទាមទារ ប្រកបដោយភាពក្លាហាន របស់ក្រុមបាតករ គឺធ្វើកំណែទម្រង់ស្ថាប័នព្រះមហាក្សត្រថៃ ដែលពួកគេចាត់ទុកថា កាន់តែផ្តាច់ការខ្លាំងឡើង និងគ្មានភាពសុក្រិត្យ ។ ពួកគេទាមទារ ឲ្យរៀបចំយន្តការថ្មី ដើម្បីកុំឲ្យព្រះមហាក្សត្រ លូកដៃប្រើបឥទ្ធិពល មកលើនយោបាយជាតិ ត្រូវលប់ចោលច្បាប់ប្រមាថព្រះចេស្តាព្រះមហាក្សត្រ និងត្រូវរៀបចំយន្តការច្បាប់មួយទៀត គ្រប់គ្រងទ្រព្យសម្បត្តិរបស់ព្រះបរមរាជវាំង ឲ្យមកស្ថិតក្នុងទ្រព្យសម្បត្តិជាតិ ។
+ បាតុកម្មយុវជន អាចនាំប្រជាជនថៃគ្រប់មជ្ឈដ្ឋា ឲ្យចូលរួមដែរឬទេ?តើចលនាបាតុកម្មនេះ អាចធ្វើឲ្យអំណាចនយោបាយ ដឹកនាំដោយក្រុមយោធាបច្ចុប្បន្ននេះ មានការខ្លាចរអារ ដែរ ឬទេ ។ លោកស្រី Christine Cabasset អ្នកស្រាវជ្រាវសិក្សាតំបន់អាស៊ីអាគ្នេយ៍ បានលើកឡើងថា បាតុកម្មនេះ មានឥទ្ធិពល ឬគ្មាន គឺវាអាស្រ័យថាតើ វាមានទំហំប៉ុណ្ណា ហើយថាតើបាតុកម្មនេះ នឹងបានទទួលការចូលរួមភ្លូកទឹកភ្លូកដី ពីសំណាក់ ប្រជាជនថៃទូទៅដែរ ឬទេ ។
ដូចយើងដឹងហើយ ថាបាតុករដែលដែលធ្វើចលនាបាតុកម្ម ប៉ុន្មានខែមកនេះ គឺភាគច្រើនជាយុវជន និស្សិតក្មេងៗ ហើយនៅតែក្រុងបាងកកទៀត ។ ដូច្នេះ សំណួរសួរថា តើប្រជាជនថៃ គ្រប់មជ្ឈដ្ឋានផ្សេងទៀត នៅតាមខេត្តក្រុងផ្សេងៗ គិតយ៉ាងណា ហើយនឹងចូលរួមដែរ ឬទេ? ។នៅថ្ងៃសោរ៍ទី ១៩ កញ្ញា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រី បានចេញលិខិតប្រកាសតូចមួយ ដោយបានលើកឡើងថា « យុវជនថៃធ្វើបាតុកម្មច្រើនសប្តាហ៍មកនេះ គឺដោយសារពួកគេ សម្លឹងឃើញអនាគត គ្មានពន្លឺ គ្មានសិទ្ធិសេរីភាព » ។
ជាការពិត ការទាមទាររបស់យុវជនថៃ ប៉ុន្មានចំណុច ជាពិសេសទាក់ទិននឹងស្ថាប័នព្រះមហាក្សត្រថៃនេះ គឺជាការទាមទារធំៗ សម្បើមណាស់ ដែលមិនដែលមាននរណាហ៊ានធ្វើទេពីមុនមក ។ ក៏ប៉ុន្តែ ការទាមទារនេះ ក៏ត្រូវបានក្រុមសាស្ត្រាចារ្យសកលវិទ្យាថៃ ជាច្រើនរយអ្នក ធ្វើញត្តិចុះហត្ថលេខាគាំទ្រដែរ ។ អ្នកស្រី Panusaya Sithijirawattanakul តំណាងក្រុមបាតុករ បានលើកឡើងថា អ្វីដែលពួកគេទាមទារ គឺគ្មានកម្មវត្ថុ បំផ្លាញស្ថាប័នព្រះមហាក្សត្រ ជាទីគោរពសក្ការៈនោះទេ ។ តែគឺដើម្បីធ្វើទំនើបកម្មស្ថាប័ននេះ ដើម្បីឆ្លើយតបទៅ នឹងការវិវឌ្ឍន៍នៃសង្គមថៃ ។បើគិតចាប់ពីមានចលនាបាតុកម្មនេះ នៅខែមិថុនាមក គឺមានមនុស្សជាង ២០ នាក់ហើយ ដែលត្រូវបានឃាត់ខ្លួន និងចោទពីបទធ្វើសកម្មភាពបះបោរ បង្កអសន្តិសុខសង្គម ។ សំណួរសួរថា តើសមត្ថកិច្ចរដ្ឋាភិបាលថៃ នឹងបន្ធូរដៃឲ្យបាតុកម្មនេះ បន្តរហូតដល់ពេលណា? តាមការគ្រោងទុក នៅថ្ងៃអាទិត្យទី ២០ កញ្ញា បាតុករ នឹងធ្វើការជួបជុំគ្នាទៀត នៅខាងមុខវិមានរដ្ឋាភិបាលតែម្តង ដើម្បីដាក់ញត្តិទៅរដ្ឋាភិបាល នូវចំណុចដែលគេទាមទារ ៕
ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/