ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា !!!!! »» សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង !!!!! »» ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ!!!!! »» សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ចាត់ឱ្យក្រុមគ្រូពេទ្យជំនាញព្យាបាលលោកពូ អាយុ ៦៧ឆ្នាំ ដែលមានជំងឺបេះដូងរីក !!!!! »» សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!! »» ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសឆ្លងដែន !!!!! »» កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ !!!!! »» លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញជាអធិបតីក្នុងពិធី សែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នង កម្ពស់៥ជាន់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ចើញ ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី !!!!!

ស្វែងយល់ ពីប្រវត្តិសាស្ត្រ នៃ សាធារណរដ្ឋចិន ក្រោយសង្រ្គាមលោកលើកទី១ ស៊ុន យ៉ាតសេន ​ងាងាកទៅរករបបកុម្មុយនិស្ត !!!!!

ស្វែងយល់ ពីប្រវត្តិសាស្ត្រ នៃ សាធារណរដ្ឋចិន ក្រោយសង្រ្គាមលោកលើកទី១ ស៊ុន យ៉ាតសេន ​ងាងាកទៅរករបបកុម្មុយនិស្ត !!!!!

ស្វែងយល់ ពីប្រវត្តិសាស្ត្រ នៃ សាធារណរដ្ឋចិន ក្រោយសង្រ្គាមលោកលើកទី១ ស៊ុន យ៉ាតសេន ​ងាងាកទៅរករបបកុម្មុយនិស្ត !!!!!

ដកស្រង់ចេញពី វិទ្យុបារាំង  : ដោយះ លោក ពេជ្រ ចាន់ វិជ្ជា
ចេញផ្សាយថ្ងៃអង្គារ ៤កើត ខែកក្កិត ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២០
ព័ត៌មានអន្តរជាតិ

រដ្ឋធានីប៉ារីស:


អំពីសាធារណរដ្ឋចិនិន នៅ​ក្រោយ​សង្រ្គាម​លោកលើកទី១ ជាពិសេស អំពី​ការណ៍​ដែល​មេ​ដឹកនាំ​បដិវត្តន៍ ស៊ុន យ៉ាតសេន ងាក​ទៅចង​សម្ព័ន្ធភាព​ជាមួយ​នឹង​ពួក​កុម្មុយនិស្ត ដោយសារតែ​ខកចិត្ត​នឹង​ប្រទេស​លោកខាងលិច។នៅ​ក្នុង​អំឡុង​សង្រ្គាម​លោកលើកទី១ ចិន​កំពុង​ស្ថិត​នៅ​ក្នុង​សង្រ្គាម​ផ្ទៃក្នុង គឺ​សង្រ្គាម​ រវាង​ យ័ន ស៊ីខាយ និង​ក្រុម​បដិវត្តន៍​ស៊ុន យ៉ាតសេន និង​ក្រោយ​មក​ទៀត គឺ​ភាពអនាធិបតេយ្យ និង​ជម្លោះ​រវាង​មេកន្រ្ទាញ ដែល​កើតឡើង នៅ​ក្រោយ​មរណភាព​របស់​ យ័ន ស៊ីខាយ នៅ​ឆ្នាំ​១៩១៦

ក៏ប៉ុន្តែ បើទោះជាយ៉ាងនេះ​ក៏ដោយ ចិន​បាន​គាំទ្រ​ក្រុមសម្ព័ន្ធមិត្ត ​អាមេរិក អង់គ្លេស និង​បារាំង ដើម្បី​ច្បាំង​ទល់​នឹង​អាល្លឺម៉ង់។ កម្មករចិន​​ប្រមាណ​ជា ១៤ម៉ឺននាក់ ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​ធ្វើការ​នៅ​​អឺរ៉ុប ដើម្បី​ជួយ​សម្ព័ន្ធមិត្ត ហើយ​ក្រោយ​មក​ទៀត ចិន​បាន​​ប្រកាស​សង្រ្គាម​ជា​ផ្លូវការ​​លើ​អាល្លឺម៉ង់ និង​អូទ្រីសហុងគ្រី នៅខែ​សីហា ឆ្នាំ​១៩១៧។នៅពេលនោះ ចិនរំពឹង​ថា នៅ​ពេល​ទទួល​ជោគជ័យ ប្រទេស​សម្ព័ន្ធមិត្ត​អាមេរិក-អង់គ្លេស-បារាំង​នឹង​ជួយ​ឲ្យ​ចិន​យក​ទឹកដី​ពី​បរទេស​មក​គ្រប់គ្រង​វិញ ជាពិសេស ដែនដីដែល​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​អាល្លឺម៉ង់។ ក៏ប៉ុន្តែ ផ្ទុយស្រឡះ​ពី​ការរំពឹងទុក នៅ​ក្នុង​ពេល​ចុះ​សន្ធិសញ្ញា​សន្ធិភាព​នៅ Versailles បញ្ចប់​សង្រ្គាម​លោក​លើកទី១ បណ្តា​ប្រទេស​លោកខាងលិច​បែរ​ជា​បាន​សម្រេច​ប្រគល់​ដែនដី​​នៅ​ប៉ែក​ខាង​ជើង​ប្រទេស​ចិន ដែល​ធ្លាប់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អាល្លឺម៉ង់ ទៅ​ឲ្យ​ជប៉ុន​ជា​អ្នក​កាន់កាប់​ទៅ​វិញ ដោយសារ​តែ​ជប៉ុន បាន​ចូល​រួម​ធ្វើ​សង្រ្គាម​ទល់​នឹង​អាល្លឹម៉ង់ តាំងពីដើមទី គឺ​តាំង​ពី​ខែ​សីហា ឆ្នាំ​១៩១៤

ទទួល​បាន​ដំណឹង​នេះ និស្សិតចិន​រាប់ពាន់នាក់​បាន​នាំគ្នា​ចេញ​ធ្វើ​បាតុកម្ម​ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​សន្ធិសញ្ញា​ Versailles ហើយ​ចលនា​​និស្សិត​នេះ​ក៏​បាន​រាលដាល​ទៅ​ជា​ចលនា​ប្រឆាំង​ទៅនឹង​ចក្រពត្តិនិយម​បរទេស​ផង និង​ប្រឆាំង​ទៅនឹង​ផ្នត់គំនិត​ចាស់គំរឹល​របស់​ចិន​ផង ដែល​គេ​យល់ថា​ជា​ដើមហេតុ នៃ​ការ​ធ្លាក់ចុះទន់ខ្សោយ​របស់​ចិន ទល់​នឹង​បរទេស។ ចេញ​ពី​ចលនា​ប្រឆាំង​នេះ​ហើយ ដែល​ជា​ឫសគល់​នៃ​ការចាប់កំណើត​​ចលនា​កុម្មុយនិស្ត​ចិន។ទង្វើ​របស់​ប្រទេស​មហាអំណាច​ប្រជាធិបតេយ្យ​លោកខាងលិច ដែល​ត្រូវ​បាន​ប្រជាជន​ចិន​ចាត់ទុក​ថា​ជា​ការ​ក្បត់មិត្ត គឺ​ជា​ចំណុច​របត់​ដ៏​សំខាន់មួយ នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ចិន​សម័យ​ទំនើប ហើយ​វា​ក៏​ជា​របត់​ដ៏សំខាន់​មួយ​ដែរ នៃ​ចលនាបដិវត្តន៍​របស់​ស៊ុន យ៉ាតសេន។

កាលពីមុន ស៊ុន យ៉ាតសេន ដែល​ទទួល​ការ​អប់រំ នៅ​ប្រទេស​លោកខាងលិច តែងតែ​សំឡឹង​ទៅ​មហាអំណាច​ប្រជាធិបតេយ្យ​លោកខាងលិច​ថា​ជា​គំរូ និង​ជា​ជំនួយ ដើម្បី​នាំ​ប្រទេស​ចិន​ឆ្ពោះទៅរក​គន្លងផ្លូវ​ប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ ពេលនេះ ស៊ុន យ៉ាតសេន បាន​កំណត់​ក្នុង​ចិត្ត​ថា ប្រទេស​ដែល​បិតា​ប្រជាធិបតេយ្យ​អស់ទាំងនេះ​គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន និង​ពី​ការ​កេងប្រវ័ញ្ច​លើ​ចិន​តែ​ប៉ុណ្ណោះ ដោយ​គ្មាន​ចាប់អារម្មណ៍​ទៅនឹង​ការ​នាំ​លទ្ធិប្រជាធិបតេយ្យ​មក​ឲ្យ​ចិន​អ្វី​នោះទេ។

ព្រមពេលជាមួយ​នឹង​ការ​ខកចិត្ត​ជាមួយ​នឹង​ប្រទេស​មហាអំណាច​ប្រជាធិបតេយ្យ​​លោក​ខាងលិច ជោគជ័យ​នៃ​បដិវត្តន៍​បុលឆេវិក​នៅ​រុស្ស៊ី ក៏​បាន​ទាក់ទាញ​​ ស៊ុន យ៉ាតសេន ឲ្យ​ងាក​ទៅ​រក​ពួក​កុម្មុយនិស្ត​វិញ​ម្តង។ ជាការពិត​ថា ស៊ុន យ៉ាតសេន មិនគាំទ្រ​ទាំងស្រុង​នូវ​មនោគមន៍​វិជ្ជា​កុម្មុយនិស្ត​ម៉ាក្ស-លេនីន​នោះទេ ក៏ប៉ុន្តែ មាន​ចំណុច​សំខាន់​ពីរ ដែល​ទាក់ទាញ​លោក​ឲ្យ​ងាក​ទៅរក​កុម្មុយនិស្ត​រុស្ស៊ី។ទីមួយ ​​ស៊ុន យ៉ាតសេន​សំឡឹង​ឃើញ​ពី​គំរូ​នៃប្រសិទ្ធភាព​​របស់​បដិវត្តន៍​កុម្មុយនិស្ត​​នៅ​ក្នុងការ​ដណ្តើម​អំណាច​ និង​ពង្រឹងអំណាច​នៅ​រុស្ស៊ី និង​ទីពីរ គឺ​ភាព​ស្មោះត្រង់ និង​យុត្តិធម៌​របស់​រដ្ឋាភិបាល​កុម្មុយនិស្ត​រុស្ស៊ី ដែល​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​ការ​ស្ម័គ្រចិត្ត​លុបចោល​ដោយ​ខ្លួនឯង នូវ​កិច្ចព្រមព្រៀង ដែល​ស្តេចត្សារ៍​រុស្ស៊ី​​ធ្លាប់បាន​ចុះ​ជាមួយ​ស្តេចឆេង កាល​ពី​សតវត្សរ៍ទី១៩ ហើយ​ដែល​ជា​កិច្ចព្រមព្រៀង​មាន​ភាព​លម្អៀង​ខ្លាំង​ទៅ​ខាង​រុស្ស៊ី។

នៅ​ឆ្នាំ​១៩២០ ស៊ុន យ៉ាតសេន ក៏បាន​ចាប់ផ្តើម​ជួបពិភាក្សា​ជាមួយ​នឹង​តំណាង​បក្សកុម្មុយនិស្ត​សូវៀត ហើយ​បក្ស​កុម្មុយនិស្ត​សូវៀត​បាន​សន្យា​ជាមួយ​នឹង​ស៊ុន យ៉ាតសេន​ថា​នឹង​ផ្តល់​ជំនួយ​យោធា និង​ផ្តល់​ទីប្រឹក្សា​នៅ​ក្នុងការ​ធ្វើ​បដិវត្តន៍ ប្រសិនបើ​គណបក្ស​ជាតិនិយម​គួមីនតាង​សុខចិត្ត​ចងសម្ព័ន្ធភាព​ជាមួយ​នឹង​បក្ស​កុម្មុយនិស្ត​ចិន​ដែល​ទើប​នឹង​បង្កើត​ថ្មី ដើម្បី​រួមគ្នា​ដណ្តើម​អំណាច​ពី​ពួកមេកន្ទ្រាញ​ចិន។ សំណើ​ដែល​ត្រូ​វបាន​ស៊ុន យ៉ាតសេន និង​គណបក្ស​ជាតិនិយម​គួមីនតាង​​សុខចិត្ត​ទទួល​យក។នៅ​ឆ្នាំ​១៩២៣ ស៊ុន យ៉ាតសេន បាន​ចាប់ផ្តើម​រៀបចំ​ឡើងវិញ​នូវ​រចនាសម្ព័ន្ធ និង​គោលនយោបាយ​របស់​គណបក្ស​គួមីនតាង ដោយ​ដើរតាម​មាគ៌ា​របស់​លេនីន ពោលគឺ សមាជិក​បក្ស​ត្រូវ​តែ​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិន័យ​បក្ស និង​អនុវត្ត​នូវ​អ្វី​ៗ​ទាំងអស់​ដែល​សម្រេច​ដោយ​​​មេដឹកនាំ​បក្ស។លើសពីនេះ​ទៅទៀត គណបក្ស​គួមីនតាង​បាន​ចាប់ដៃ​សហការ​ខាង​ផ្នែក​យោធា​ជាមួយ​បក្ស​កុម្មុយនិស្ត​ចិន ដោយ​បាន​បង្កើត​សាលាហ្វឹកហ្វឺន​នាយទាហាន​រួម​មួយ នៅ​ខេត្ត​ខ្វាងទុង ប៉ែក​ខាងត្បូង​ប្រទេសចិន ដោយ​មាន​ចាង កាយចៀក ជា​នាយកសាលា។

ក៏ប៉ុន្តែ ជារឿយៗ​ភាពតានតឹង​តែងតែ​កើតមាន​ឡើង នៅ​ក្នុង​ទំនាក់ទំនង​រវាង​ពួក​គួមីនតាង និង​ពួក​កុម្មុយនិស្ត​ចិន ដោយសារ​តែ​ពួកកុម្មុយនិស្ត​ប្រកាន់​នូវ​ជំហរតឹងរ៉ឹង​បំផុត នៅ​ក្នុង​គោលដៅ​បង្កើត​រដ្ឋកុម្មុយនិស្ត​ចិន និង​ការ​លុបបំបាត់​វណ្ណៈ​សក្តិភូមិ​ដែល​បន្សល់ទុក​ពី​របបរាជានិយម។ ចំណែក​ពួក​គួមីនតាងវិញ​ផ្តោត​អាទិភាព​ចម្បងតែ​ទៅលើ​ការ​ដណ្តើម​អំណាច​ពី​ពួកមេកន្ទ្រាញ ដើម្បី​ឈានទៅ​បង្រួបបង្រួម​ប្រទេស​ចិន ឲ្យ​ក្លាយទៅជា​ប្រទេស​មួយ​ដែល​មាន​ឧស្សាហកម្ម​ជឿនលឿន។

ក៏ប៉ុន្តែ បើទោះបីជា​មាន​ភាព​តានតឹង​ច្រើន​ក៏ដោយ សម្ព័ន្ធភាព​រវាង​គួមីនតាង និង​បក្ស​កុម្មុយនិស្ត​ ​ចេះតែ​បន្ត​ស្ថិតស្ថិរ​ទៅមុខ ដោយសារ​តែ​មាន​​ ស៊ុន យ៉ាតសេន ជាជំហរ។ ស៊ុន យ៉ាតសេន ដែល​ជា​ឥស្សរជន​ទទួល​បាន​នូវការ​គោរព​​កោតខ្លាច​ ទាំង​នៅ​ក្នុង​ចំណោម​អ្នក​ជាតិនិយម​គួមីនតាង និង​ក្នុង​ចំណោម​ពួក​កុម្មុយនិស្ត។ តែអ្វីៗ​ចាប់ផ្តើម​ប្រែប្រួល​ខ្លាំង នៅ​ឆ្នាំ​១៩២៥ នៅ​ក្រោយ​ពី​ស៊ុន យ៉ាតសេន ទទួលមរណភាព​ដោយ​ជំងឺ​មហារីក ហើយ​ចាង កាយចៀក ដែល​ជា​អ្នក​នយោបាយ​ស្តាំនិយម ហើយ​​មិនចូលចិត្ត​ពួក​កុម្មុយនិស្ត ​បាន​ឡើង​មក​ដឹកនាំ​គណបក្ស​គួមីនតាង។

ចាង កាយចៀក (Chiang Kai-Shek) មេដឹកនាំ​គណបក្ស​គួមីនតាង​បន្ត​ពី ​ស៊ុន យ៉ាតសេន នៅ​ពាក់កណ្តាល​ឆ្នាំ​១៩២៦ ចាង កាយចៀក បាន​ចាប់ផ្តើម​បើក​ប្រតិបត្តិការ​យោធា​​ ​ទ្រង់ទ្រាយធំ ដោយ​បាន​​​ដណ្តើម​កាន់កាប់​ទឹកដី​ពី​មេកន្រ្ទាញ​ចិន​ម្តងមួយៗ សំដៅ​ទៅផ្តួលរំលំ​រដ្ឋាភិបាល នៅ​ប៉េកាំង។គិតត្រឹមឆ្នាំ​១៩២៧ កងទ័ព​របស់​ចាង កាយចៀក មាន​កម្លាំង​កាន់តែ​ខ្លាំង ដោយ​វាយ​ដណ្តើម​កាន់កាប់​ទឹកដី​​ចិន​បាន​មួយ​ផ្នែកធំ ជាពិសេស កាន់កាប់​បាន​ទីក្រុង​ណានជីង ដែល​ជា​អតីត​រាជធានី​នៃ​រាជវង្សម៉េង និង​ទីក្រុង​សៀងហៃ ដែល​ជា​ក្រុង​ពាណិជ្ជកម្ម​ដ៏​សំខាន់។នៅពេល​ដែល​មើលឃើញ​ថា ជោគជ័យ​ចុងក្រោយ​​កាន់តែ​ខិតជិតចូល​មក​ដល់ នៅ​ខែ​មេសា ឆ្នាំ​១៩២៧ ចាង កាយចៀក ក៏ស្រាប់តែ​បាន​បើក​ប្រតិបត្តិការ​​បោសសម្អាត​ពួក​កុម្មុយនិស្ត​​ ដែល​ធ្លាប់​ជា​សម្ព័ន្ធមិត្ត ចេញ​ពី​ចលនា​បដិវត្តន៍​ ដោយ​ចាប់ផ្តើម​ចេញ​ពី​​ទីក្រុង​សៀងហៃ ដែល​ពួក​កុម្មុយនិស្ត​រាប់ពាន់នាក់​ត្រូវ​បាន​ក្រុម​របស់​ចាង កាយចៀក ចាប់ខ្លួន និង​សម្លាប់​ចោល នៅ​ក្នុង​ហេតុការណ៍​មួយ ដែល​គេ​ឲ្យ​ឈ្មោះ​ថា “ការសម្លាប់រង្គាល​នៅ​សៀងហៃ” (ថ្ងៃទី១២ ខែមេសា ឆ្នាំ​១៩២៧)។ បន្ទាប់មក ប្រតិបត្តិការ​បោសសម្អាត​ពួក​កុម្មុយនិស្ត​នេះ​ត្រូវ​បាន​ពង្រីក​ចេញ​ពី​ទីក្រុង​សៀងហៃ ទៅកាន់​តំបន់​ផ្សេងៗ​ទៀត។គិតជាសរុប មេដឹកនាំ សមាជិក ព្រមទាំង​អ្នក​គាំទ្រ​បក្ស​កុម្មុយនិស្ត​ចិន​ប្រមាណ​ជាង ៣០ម៉ឺននាក់ ត្រូវស្លាប់ នៅ​ក្នុង​ជម្លោះ​ជាមួយ​ក្រុម​របស់​ចាង កាយចៀក។ ក្រុម​កុម្មុយនិស្ត​ដែល​រួច​ពីស្លាប់​ក៏​បាន​នាំគ្នា​រត់​ចេញ​ពី​ទីក្រុង ទៅ​លាក់ខ្លួន និង​បង្កើត​ចលនាតស៊ូ នៅ​តាម​ទីជនបទ។

ចំណែក ​ចាង កាយចៀកវិញ​​ បាន​ប្រកាស​បង្កើត​រដ្ឋាភិបាល​សាធាណរដ្ឋ​មួយឡើង នៅ​ឆ្នាំ​១៩២៨ ដោយ​យក​ទីក្រុង​ណានជីង​ធ្វើ​ជា​រដ្ឋធានី ហើយ​ចាង កាយចៀក​ផ្ទាល់ គឺ​ជា​ប្រធានាធិបតី​នៃ​សាធាណរដ្ឋ​ថ្មីនេះ។ចាប់ពីឆ្នាំ​១៩២៨ ដល់​ឆ្នាំ​១៩៣៣ សាធារណរដ្ឋ​ចិន ក្រោម​ការដឹកនាំ​របស់ ចាង កាយចៀក បាន​​ស្តារឡើងវិញ នូវ​​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​ចិន ហើយ​ដែនដី​ដែល​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​បរទេស​ក៏​ត្រូវ​បាន​កាត់បន្ថយ​អស់​ជិត​ពាក់កណ្តាល​ផងដែរ។ ម្យ៉ាងទៀត វិស័យ​ឧស្សាហកម្ម​ទំនើបៗ​របស់​ចិន​ក៏​ចាប់ផ្តើម​រីកដុះដាល ហើយ​សេដ្ឋកិច្ច​​ក៏​ស្គាល់​នូវការ​អភិវឌ្ឍ ជាពិសេស នៅតាម​ទីក្រុង​ធំៗ។ក៏ប៉ុន្តែ សុខសន្តិភាព និង​ការអភិវឌ្ឍ​នេះ​បាន​កើតមានឡើង​តែ​មួយរយៈពេល​ខ្លី​ប៉ុណ្ណោះ។ មិនយូរ​ប៉ុន្មានក្រោយ​មក ចិន​ក៏​បាន​ធ្លាក់​ទៅ​ក្នុង​សង្រ្គាម​ស៊ីវិល​សាជាថ្មីម្តងទៀត ម្តងនេះ គឺ​​សង្រ្គាម​ រវាង​រដ្ឋាភិបាល​គួមីនតាង​របស់​ចាង​ កាយចៀក និង​ចលនាបដិវត្តន៍​កុម្មុយនិស្ត​ដឹកនាំ​ដោយ​ម៉ៅសេទុង។ សង្រ្គាម​ស៊ីវិល ដែល​មាន​ឫសគល់​ចេញ​ពី​ការកាប់សម្លាប់​ពួក​កុម្មុយនិស្ត ដោយ​ក្រុម​ចាង កាយចៀក កាល​ពី​ឆ្នាំ​១៩២៧

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, ព័ត៌មាន​អន្តរជាតិ
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved