ប្រទេសម៉ាឡេស៊ី ប្រកាសដាក់រដ្ឋចំនួន៥ និងទឹកដីសហព័ន្ធចំនួន៣ ទៀត ឲ្យស្ថិតនៅក្រោមវិធានការរឹតបន្តឹងលើការធ្វើដំណើរ(MCO) ដើម្បីទប់ស្កាត់កូវីដ-១៩ ដែលកំពុងរីករាលដាលខ្លាំង !!!!!
ដោយះ លោក ភួង មុនីរដ្ឋ
ប្រែសម្រួល ចេញពី Channel News Asia ( CNA )
ចេញផ្សាយថ្ងៃ ចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែ
មករា ឆ្នាំ ២០២១
ព័ត៌មានអន្តរជាតិ
(គួរឡាឡាំពួរ)៖
លោក នាយករដ្ឋមន្រ្តី ម៉ាឡេស៊ី លោក Muhyiddin Yassin បាននិយាយថា ប្រទេសម៉ាឡេស៊ីនឹងចាត់វិធានការរឹតបន្តឹងលើការធ្វើដំណើរ ចាប់ពីថ្ងៃពុធ ទី១៣ ខែមករា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺ COVID-19 ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេស។ េនះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយ នៅថ្ងៃចន្ទនេះ លោក Muhyiddin បាននិាយាយថា រដ្ឋចំនួន៥ រួមមានដូចជារដ្ឋ Penang, Selangor, Melaka, Johor និង Sabah ព្រមទាំងទឹកដីសហព័ន្ធនៃទីក្រុងគូឡាឡាំពួរ គឺ Putrajaya និង Labuan នឹងត្រូវដាក់ឲ្យស្ថិតនៅក្រោមវិធានការរឹតបន្តឹងការធ្វើដំណើរ ឬហៅថា MCO ម្តងទៀត។
លោកបានបន្ថែមថា ការធ្វើដំណើររវាងរដ្ឋមួយទៅរដ្ឋមួយទៀត ត្រូវបានហាមឃាត់ទូទាំងប្រទេស ខណៈពេលដែលការធ្វើដំណើររវាងស្រុកនានា មិនត្រូវបានអនុញ្ញាតសម្រាប់រដ្ឋទាំងឡាយណា ដែលស្ថិតក្រោមវិធានការ MCO។ ចំណែកឯ សកម្មភាពសង្គមនានា ដូចជាការរៀបមង្គលការ សន្និសីទការសែត ការជួបជុំសាសនា វគ្គសិក្សានិងកីឡានានា ក៏មិនត្រូវបានអនុញ្ញាតដែរ។
គួរបញ្ជាក់ថា ម៉ាឡេស៊ីបន្តរកឃើញអ្នកឆ្លង COVID-19 ថ្មីៗខ្ទង់ពាន់ជារៀងរាល់ថ្ងៃ ខណៈដែលកំណត់ត្រាខ្ពស់ជាងគេបំផុត គឺត្រូវបានរាយការណ៍កាលពីថ្ងៃទី០៧ ខែមករាកន្លងទៅ ដែលមានរហូតដល់ ៣,០២៧ករណីក្នុងមួយថ្ងៃ។ រហូតមកទល់ពេលនេះ ប្រទេសអាស៊ានមួយនេះ មានករណីឆ្លងសរុប ១៣៨,២២៤ករណី ក្នុងនោះស្លាប់ ៥៥៥នាក់ និងជាសះស្បើយ ១០៩,១១៥នាក់៕
ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/