លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមការងារ TYDA ចុះពិនិត្យ និងព្យាបាលអ្នកជំងឺជិត ៤,០០០ នាក់ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ !!!!!
ដោយះ លោក ណាង រដ្ឋា
ចេញផ្សាយថ្ងៃ ចន្ទ ៩ កើត ខែ មាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០២៣
ខេត្តត្បូងឃ្មុំ៖
លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) កាលពីចុងសប្តាហ៍មុននេះ បានដឹកនាំក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តចុះពិនិត្យព្យាបាលជំងឺទូទៅ និងជំងឺមាត់ធ្មេញ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន តំបែរ ដោយមានការចូលរួមពីអជ្ញាធរ យុវជន និងផ្នែកដែលពាក់ព័ន្ធផ្សេងទៀត។
លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសស្ថានភាពប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រក្រោយពីជំងឺកូវីដ-១៩ តាមរយៈការបង្ខិតសេវាព្យាបាល ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ព្រោះថាមានតែសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសរហូតដល់មានការអភិវឌ្ឍន៍រីកចម្រើនដូចសព្វថ្ងៃ និងបានគិតគូរពីសុខទុក្ខ រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ។
ជាក់ស្ដែង សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានចុះព្យាបាលប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តសហគមន៍ អង្គការ មជ្ឈមណ្ឌលកុមារកំព្រា និងសាលារៀនជាដើម។ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានបញ្ជាក់ថា “នេះជាសកម្មភាពមនុស្សធម៌ក្នុងការចុះពិនិត្យព្យាបាលដល់ប្រជាពលរដ្ឋដោយបេះដូង ដោយទឹកចិត្ត និងស្នាមញញឹមរបស់ក្រុមគ្រូពេទ្យ កម្លាំងស្ម័គ្រចិត្ត និងក្រុមការងារ។”
តាមរបាយការណ៍ បានឲ្យដឹងថា ក្រុមការងារគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគមTYDA បានព្យាបាលអ្នកជំងឺបានចំនួនជិត ៤,០០០ នាក់ ក្នុងនោះករណីបញ្ជូនមកព្យាបាលបន្តមានចំនួន ១០៥ ករណីដែលការចំណាយទាំងអស់ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន៕
ដោយះ គេហទំព័រ សម្លេងជាយដែន
https//www.cdv-news.com/