ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ “អាហារូបករណ៍ដែល សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ដល់សិស្ស-និស្សិត គឺជាការរំដោះឱ្យរួចចាកផុតពីក្រញាំនៃភាពអវិជ្ជា សំដៅកសាងមូលធនមនុស្សពិតប្រាកដរបស់កម្ពុជា និងដើម្បីឱ្យពួកគេអាចទទួលបានអនាគតមួយរុងរឿង និងរឹងមាំ” !!!!!
ដោយះ លោក ណាង រដ្ឋា
សៅរ៍ ០៩រោច ខែ ពិសាខ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ២០២៣
ខេត្តបាត់ដំបង៖
នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និសិ្សតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិក-សមាជិកាសមាគម អ.ម.ត. ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង។
ថ្លែងក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តម បណ្ឌិត បានសម្តែងនូវការកោតសរសើរចំពោះវឌ្ឍនភាពការងាររបស់ក្រុមការងារគ្រប់គ្រងសិស្ស-និស្សិត អ.ម.ត ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រួមជាមួយនឹងការអបអរសាទរចំពោះការប្រកាសបញ្ចូលសមាជិក-សមាជិកាថ្មីបន្ថែមទៀតចំនួន ៨២៥ នាក់ នាឱកាសនោះផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តម បណ្ឌិត ក៏បានថ្លែងអំណរគុណដល់គ្រឹះស្ថានឧត្តមសិក្សានៅខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យ – រួមមាន៖ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME), សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS), សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB), សាកលវិទ្យាល័យអន្តរជាតិឌូវី (DI), ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ (SBUBB), វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង (NVIB), សាកលវិទ្យាល័យជាតិមានជ័យ (NMU) – ដែលតែងបានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង, បរិញ្ញាបត្រ, និងបរិញ្ញាបត្រជាន់ខ្ពស់ ជូន សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីចែកជូនសិស្ស-និស្សិតខ្វះលទ្ធភាព។ កាយវិការ និងទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់តបទៅនឹងបំណងប្រាថ្នា និងការខិតខំប្រឹងប្រែងរបស់ សម្តេចទាំងទ្វេ ក្នុងការរំដោះសិស្ស-និស្សិតខ្វះលទ្ធភាព ឱ្យរួចចាកផុតពីក្រញាំនៃភាពអវិជ្ជា សំដៅកសាងមូលធនមនុស្សពិតប្រាកដរបស់កម្ពុជា និងដើម្បីឱ្យពួកគេអាចទទួលបានអនាគតមួយរុងរឿង និងរឹងមាំនៅក្នុងជីវិត។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានថ្លែងប្រាប់សិស្ស-និស្សិតនូវការកត់សម្គាល់អំពីសមិទ្ធផល និងវឌ្ឍនភាពរីកចម្រើនជាលំដាប់លើគ្រប់វិស័យរបស់ប្រទេសកម្ពុជា រួមទាំងវិស័យអប់រំ និងកីឡា ដោយធៀបទៅនឹងការលំបាកខ្វះខាតដែលកម្ពុជាធ្លាប់បានជួបប្រទះកាលពីអតីតកាល និងបានថ្លែងអំណរគុណប្រជាពលរដ្ឋនៅទូទាំងប្រទេសចំពោះការផ្តល់ទំនុកចិត្តជូន សម្តេចតេជោ ដែលតែងគិតគូរជានិច្ចលើការការពារអាយុជីវិត និងការបង្កើនជីវភាព ព្រមទាំងឱកាសគ្រប់បែបយ៉ាងសម្រាប់ប្រជាពលរដ្ឋ ជាពិសេសតាមរយៈការកំណត់យកវិស័យអប់រំជាវិស័យអាទិភាពខ្ពស់បំផុត៕