លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមដោយផ្ទាល់ដើម្បីរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសាររបស់វីរកងទ័ពពលី !!!!!
ព័ត៌មានជាតិ
ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ ចន្ទ ២ រោច ខែ បុស្ស ឆ្នាំ ម្សាញ់ សប្តស័ក ពុទ្ទសករាជ ២៥៦៩ ត្រូវនឹងថ្ងៃ ទី៥ ខែ មករា ឆ្នាំ ២០២៦
ខេត្តកំពង់ស្ពឺ៖
នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពពលី ។
នេះគឺជាការសោកស្តាយជាទីបំផុតមួយសម្រាប់ប្រទេសជាតិ និងក្រុមគ្រួសារចំពោះការបាត់បង់ដ៏ធំធេងនូវវីរកងទ័ព ជាធនធានមនុស្ស ជាស្វាមី ជាឪពុក និងជាបង ជាប្អូន ដែលបានពលីអាយុជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ ។
ដោយទឹកចិត្តសោកសៅជាពន់ពេក លោកជំទាវបណ្ឌិត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដោយផ្ទាល់នៅគេហដ្ឋានរបស់សពដែលកំពុងធ្វើបុណ្យតាមប្រពៃណីនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ។
ក្នុងវេលាដ៏ក្រៀមក្រំនេះដែរ លោកជំទាវបណ្ឌិត ថែមទាំងបានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ ។
ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ ។
ជាតម្លៃតប រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តែងតែបារម្ភ គិតគូរ និងយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខរបស់យោធិន រួមទាំងក្រុមគ្រួសារយោធិនគ្រប់ៗរូប ទោះនៅក្នុងកាលៈទេសៈណា គ្រប់ពេលវេលា គ្រប់ទីកន្លែង ៕











ដោយះ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.cdv-news.com/


